"មនុស្សសំខាន់ ឬ មនុស្សរំខាន ?"
គ្រប់គ្នា សុទ្ធតែអាចជួយប្រទេសជាតិយើងក្នុងគ្រានេះបាន ទៅតាមលទ្ធភាពរបស់យើងម្នាក់ៗរៀងខ្លួន ។ មិនថា តាមរយៈចំណេះដឹង ជំនាញ កម្លាំង ពេលវេលា ធនធាន ថវិកា ។ល។ យើងផ្តោតលើគោលដៅតែមួយ គឺជួយជាតិយើងក្នុងកាលៈទេសៈមួយនេះ ។
ខណៈពេលនេះ យើងគួរតែសួរខ្លួនឯងឲ្យបានច្រើនបន្តិច ដើម្បីកុំឲ្យធ្លាក់ខ្លួនទៅជាមនុស្សរំខាន តែមិនមែនជាមនុស្សសំខាន់ ។ ព្រោះមតិយោបល់ដែលយើងផ្តល់ចេញទៅអាចបំបាក់ស្មារតីអ្នកប្រឹងប្រែងធ្វើ ដោយសារការធ្វើ រមែងមានខុសមានត្រូវ កំហុសកើតមាននៅពេលធ្វើវាជារឿងធម្មតា ។ ហើយការធ្វើ រមែងមានការនឿយហត់ ការនឿយហត់ រមែងចង់ទទួលបានការផ្តល់កម្លាំងចិត្ត ដើម្បីបន្តសកម្មភាពឲ្យដំណើរការទៅមុខទៀត ។
ការពិត នៃការបញ្ចេញមតិយោបល់ អាចធ្វើឲ្យកម្លាំងសាមគ្គីរួមជាធ្លុងតែមួយក៏បាន ក៏អាចបំផ្លាញកម្លាំងសាមគ្គីឲ្យបែកបាក់ក៏បានដែរ ។ ដូច្នេះហើយ ចូរប្រយ័ត្នប្រយែងការបញ្ចេញមតិយោបល់ បើមិនបានធ្វើជាមនុស្សសំខាន់ សុំកុំធ្វើជាមនុស្សរំខាន គឺល្អប្រសើរហើយ ។ មួយវិញទៀត គួរតែប្រយ័ត្នប្រយែងនូវការចែករំលែកបន្តនូវពត៌មិនមានប្រភពច្បាស់លាស់ ដែលនាំមកនូវការភិតភ័យ បំបាក់សតិស្មារតីគ្នាតែប៉ុណ្ណោះ ។
ចាំថា "រឿងណាមិនចំណេញ កុំចំណាយពេលវេលាធ្វើវា ព្រោះវានាំឲ្យខាតបង់" ។


Comments
Post a Comment